ឃរាវាសធម៌



ឃរាវាសធម៌
ព្រះបាឡាត់ឧត្តមសុង ស៊ីវ វត្តលង្កា ក្រុងភ្នំពេញ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្សការ ចំពោះព្រះភគវន្តមុនីអរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ ព្រមទាំងធម៌ និងព្រះសង្ឃដោយគោរព។
វេលានេះអាត្មាភាពសូមសំដែងនូវពុទ្ធភាសិតមួយកន្លែង ដែលមាននៅក្នុងគម្ពីរ សំយុត្តនិកាយ សគាថវគ្គ ជាធម្មស្សវនាករ ដូចតទៅនេះ៖
ពុទ្ធភាសិតនោះព្រះបរមគ្រូសម្មាសម្ពុទ្ធ ទ្រង់សំដែងចំពោះនឹងអាឡវកយក្សថា៖
យស្សេតេ ចតុរោ ធម្មា សទ្ធស្ស ឃរមេសិនើ សច្ចំ ទមោ ខន្តិ ចាគោ ស វេ​ បេច្ច ន សោចតិ ។
បុគ្គលដែលមានសទ្ធាគ្រប់គ្រងផ្ទះ ត្រូវមានធម៌៤ប្រការនេះ គឺ៖ សច្ចៈ ១ ទមៈ១ ខន្តិ ១ ចាគៈ១ រមែងមិនសោយសោកក្នុងលោកខាងមុខដោយពិត។
១សច្ចៈ សេចក្តីពិត គឺមិននិយាយបំផ្លើសឪ្យលើសឬ ឪ្យថយចុះពីសភាវៈពិត បើឃើញថាឃើញ ខុសថាខុស ត្រូវថាត្រូវ ដូច្នេះជាដើម​ហៅថាសច្ចៈ សេចក្តីពិត បើសំដែងដោយ ឧក្រិដ្ឋបានដល់អរិយសច្ចទាំង៤ ។ ពាក្យថាអរិយសច្ចៈនេះ ប្រែថា សេចក្តីពិតរបស់អរិយបុគ្គល សេចក្តពិតឥតល្អៀង មាន៤យ៉ាង គឺ៖ ទុក្ខ សេចក្តីព្រួលំបាក សមុទយៈ កំណើតទុក្ខ ឬហេតុដែលនាំឪ្យកើតទុក្ខ និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់រំលត់ទុក្ខ មគ្គៈ ផ្លូវឬឧបាយនៃសេចក្តីរលត់ទុក្ខ ទាំង៤ យ៉ាងនេះជាច្ចពិតឥតមានល្អៀតនិងបែកបែរថាជាមិនបិតទៅវិញពុំបានឡើយ។
          ក៏សច្ចៈនេះព្រះសម្មាសម្បុទ្ធទ្រង់សំដែង ដោយពិស្ពារមាននៅក្នុងគម្ពីរ មជ្ឈិម និកាយ​ មជ្ឈិមបណ្ណាសកៈ ត្រង់ចង្គីសូត្រ ក្នុងសូត្រនោះ មានសេចក្តីដំណាលថា៖ មានមាណពម្នាក់ឈ្មោះកាបទិកៈ មានក្បាល កោរ មានអាយុ១៦ឆ្នាំពីណើត ចេះចប់ត្រៃវេទព្រមទាំងគម្ពីរឃណ្ឌុនិង គម្ពីរកេដុភៈ ព្រំទាំងអក្ខរប្បភេទ គឺសិ្ខក្ខានិង និរុត្តិ ដែលមានគម្ពីរឥតិហាសៈជាគម្រប់៥ ជាអ្នកស្គាល់នូវបទនិងវេយ្យាករណ៍ ជាអ្នកមិនអន់ថយ គឺស្ទាត់ជំនាញក្នុងលោការយតសាស្ត្រ និងមហាបុរិសលក្ខណ ព្យាការណសាស្ត្រ បានសួររកធម៌ដែលនាំឪ្យកើតសច្ចៈ ចំពោះព្រះមានព្រះភាគៗ ទ្រង់ឆ្លើយតបថា៖ ម្នាលមាណព សច្ចៈគឺសេចក្តីពិត ត្រង់កើតឡើងដោយអាស្រ័យ សេចក្តីព្យាយាម ប្រឹងប្រែងៗ កើតឡើងដោយអាស្រ័យឆន្ទៈ សេចលក្តីពេញចិត្ត ៗកើតឡើយដោយអាស្រ័យសេចក្តីចូលចិត្តធម៌ក្នុងគំនិតៗ កើតឡើងដោយការ ពិចារណានូងអត្ថ ៗកើតឡើងដោយការចេះចាំនូវធម៌ៗ កើតឡើងយដោយអាស្រ័យ ការស្តាប់ធម៌ៗ កើតឡើងដោយការផ្ចង់ត្រចៀកប្រុងស្តាប់ៗ កើតឡើងដោយការចូលទៅអ្គុយជិតៗ កើតឡើងដោយអាស្រ័យការចូលទៅរកៗ កើតឡើងដោយអាស្រ័យសទ្ធាសេចក្តីជឿ ។
បើបុគ្គលណាគ្មានសទ្ធាហើយ​ការចូលទៅរកក៏មិនមាន បើការចូលទៅរកមិនមាន ហើយ ការចូលទៅអ្គុយជិតក៏មិនមាន បើការចូកអង្គុយជិតមិនមានហើយ ការផ្ចង់ ត្រចៀកប្រុងស្តាប់ក៏មិនមាន បើការចូលទៅផ្ចង់ត្រចៀកប្រុងស្តាប់មិនមានហើ​យ ការស្តាប់ធម៌ក៏មិនមាន បើការស្តាប់ធម៌មិនមានហើយ ការចេះចាំនូវធម៌ក៏មិនមាន ការពិចារណនូវអ្ថក៏មិនមាន បើការពិចារណានូវអត្ថមិនមានហើយ សេចក្តីចូលចិត្តធម៌ ក្នុងគំនិតក៏មិនមាន សេចក្តីចូលចិត្តធម៌ក្នុងគំនិតមិនមានហើយ ឆន្ទៈសេចក្តីពេញចិត្តក៏ មិនមាន បើឆន្ទ
ៈសេចក្តីពេញចិត្តមិនមានហើយការប្រឹងប្រែងក៏មិនមាន បើការប្រឹង ប្រែងមិនមានហើយ ការពិចារណាក៏មិនមាន បើការពិចារនមិនមានហើយ សេចក្តីព្យាយាមក៏មិនមាន បើសេចក្តីព្យាយាមិនមានហើយ សច្ចៈសេចក្តីពិតស្មោះត្រង់ ក៏មិនមាន។​
បើសច្ចៈសេចក្តពិតត្រង់មិនមានហើយ បុគ្គលនោះលែងស្គាល់ខុសត្រូវ គុណទោស បុណ្យបាប តែងតែលុះទៅក្នុងអំណាចនៃលោភៈ ទោសៈ មោហៈ ការណ៏ដែលមិនពិតហ៊ានថាពិត សេចក្តីខុស ហ៊ានថាត្រូវ គិតឃើញតែប្រយោជន៍ផ្ទាល់ខ្លួន មិនឃើញសេចក្តីទុក្ខរបស់អ្នកដ៏ទៃ មនុស្សបែបនេះនឹងលុះទៅក្នុងតម្រានៃសេចក្តីវិនាសមិនខាន។
          ដូចជាមាតាបិតានិងបុត្រាបុត្រីឬស្វាមីនិងភរិយា ឬក៏ក្រូឧបជ្ឈាយាចារ្យនិងសិស្សានុសិស្ស  បើគមានសច្ចៈ សេចក្តីពិតទៀងត្រង់ទៅវិញទោមកទេ សេចក្តីវិនាសតែតែកើតប្រាកដល់ជនទាំងឡាយនោះ ព្រោះសច្ចៈ នេះជាគុណធម៌ដ៏ប្រសើរបំផុតក្នុង លោក  បានជាព្រះសម្ពុទ្ធជាអគ្គបុគ្គលទ្រង់សម្តែងនៅក្នុងគម្ពីរមហាដ្ឋានថា៖
សច្ចំ ហិ បរមំ លោកេ សច្ចំ លោកេ បធានកំ សច្ចម្ហិ វិជ្ជមានស្មឹ សព្វបុញ្ញញ្ច វិជ្ជតិ ។
មានន័យសេចក្តីថា សច្ចៈជាធម៌ដ៏ឧត្តមក្នុងលោក សច្ចៈជាប្រធានក្នុងលោក បុណ្យ ទាំងអស់រមែងមានក្នុងសច្ចៈ ។
ព្រោះហេតុនោះ សប្បុរសទាំងឡាយគួរខំញ៉ាំងសច្ចៈគឺសេច្តីពិតឪ្យកើតមានឡើងគ្រប់ៗប្រាណ។
          ២ទមៈការទូន្មាន បានដល់ការហាត់ពត់ដុសខាត់កាយ ចាចចិត្ត របស់ខ្លួនឪ្យមានសណ្តាប់ធ្នាប់សមរម្យល្អ។ ក្នុងទីនេះ​សំដៅយកសីលទាំងដែលហៅថា និច្ចសីលៗ នេះបានដល់សិក្ខាបទ ដែលគួរប្រព្រឹត្តកាន់រក្សាដោយទៀតទាត់អស់កាលជានិច្ច ពុំកំណត់កាលវេលា។ ឬហៅថាសីល៥ ជាបុរាណសីល គឺជាសណ្តាប់ធ្លាប់របស់បុព្វបុរសដែលធ្លាប់រក្សាមកក្នុងកាលពីរព្រេងនាយ​មុន ពុទ្ធសម័យ។ ន័យខ្លះទៀតលោកហៅសី៥ថាកុរុធម៌ ជាប្រវេណីធម៌ ឬជាអរិយធម៌ របស់អ្នកដែនកុរុ ដែលធ្លាប់ប្រព្រឹត្តកាន់មកតាម សណ្តាប់ គោត្រត្រកូល ។ ព្រះសម្មាសម្ពុទ្ធកាលនៅជាពោធិសត្វ បានជាព្រះរាជក្នុងនគរឥន្ទបត្រដែនកុរុ ព្រះអង្គបានរក្សាសីល៥ជាប់ទៀតទាត់ដរាបមក  ព្រោះហេតុនោះសីលទាំ៥នេះ តើសលោកហៅថា កុរុធម៌ក្នុងណោះ ។ លុះព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងឡើងក្នុងលោក ក៏ទ្រង់បញ្ញត្តសំដែលសើរើបន្ថែមឡើងជាថ្មី ដើម្បីអនុ្រោះសត្វលោកឲ្យមានសន្តិភា ឲ្យមានអរិយធម៌ច្បាប់សម្រាប់ទូន្មានខ្លួន មានត្រណមឲ្យកើតប្រយោជន៍ដល់បព្វជិតនិងគ្រហស្ថ ចាត់ជាវិន័យ​ក្នុងព្រះពុទ្ធសាសនា ជាជំនួយដល់ផ្លូវលោក​សម្រាប់ប្រជាករដរាបមក។

ត្រណមក្នុងសិក្ខាបទរបស់និច្ចសីល

សិក្ចាបទទី១ហាមអំពីការសម្លាប់សត្វទូទៅ។ ពាក្យថាសត្វៗនេះសំដៅយកទាមងមនុស្ស តិរច្ឆានដែលមានជីវិត ពុំកំណត់ថាប្រុសស្រីឬក្មេងចាស់ទោះបីពួកសត្វល្អិតៗឬសត្វនៅក្នុងគភ៌ក្តីក្នុងអណ្ឌៈ​ក្តី ក៍ឈ្មោះថាសត្វ រាប់ចូលក្នុងត្រណមដែលត្រូវតមទាំងអស់។
        សិក្ខាបទនេះព្រះអង្គបញ្ញត្តតាំងឡើង ដើម្បីជាប្រយោជន៍និងបណ្តុះធម៌មេត្តា ករុណាចំពោះពួកសត្វ ធ្វើពួកសត្វទាំងសកលពុំឲ្យមានពៀរដល់គ្នានឹងគ្នា។
        សិក្ខាបទទី២ ហាមអំពីការលួចទ្រព្យ​ដែលម្ចាស់គេពុំបានឪ្យ ។
ពាក្យទ្រព្យនេះ សំដៅយកទ្រព្យជាសវិញ្ញាណកៈ និងអវិញ្ញាណកៈគឺទ្រព្យមានវិញ្ញាណ និងទ្រព្យគ្មានវិញ្ញាណ ទោះបីទ្រព្យនោះថ្លៃ ថោក ច្រើនតិច ឬទ្រព្យដែលគេឧទ្ធិសបូជចំពោះសង្ឃ ចំពោះសាសនា ក៏ឈ្មោះថាទ្រព្យនៅក្នុងត្រណរបស់សិក្ខាបទនេះទាំងអស់។
        សិក្ខាបទនេះ ព្រះអង្គបញ្ញត្តតាំងឡើងដើម្បីបណ្តុះសម្មាអាជីវៈ (ការចិញ្ចេមជីវិតដោយប្រពៃ) ពុំឪ្យមានការបៀតបៀនឪ្យមានចិត្តស្មោះត្រងជឿចិនត្ត្រាឡាញ់រាប់រកគ្នាទូទៅ។
     សិក្ខាបទទី៣ហាមអំពីការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ។ ពាក្យថាកមានេះសំដៅយកកិរិយាដែលស្រលាញ់កួចកាន់ឬប្រាថ្នាក្នុងផ្លូវប្រវេណីស ដែលពុំត្រូវប្រាថ្នា ពុំត្រូប្រព្រឹត្តជាហេតុឪ្យសៅហ្មងមាន គំនុំនិងគ្នាក្នុងរវាងត្រកូលទូទៅ។
សិក្ខាបទនេះ ព្រះអង្គបញ្ញត្តដើម្បីបណ្តុះសំវរៈ គឺការសង្រូម  សទារសន្តោសៈ  គឺការត្រេកអរតែចំពោះប្រពន្ធភរិយាខ្លួន។
     សិក្ខាបទទី៤ហាមអំពីការកុហក គឺនិយាយបំភ័ន្តអ្នកស្តាប់ឪ្យចូលចិត្តខុសឪ្យយល់ខុស មិនចំពោះតែនិយាយដោយវាចទេ សូម្បីគ្រាន់តែធ្វើសញ្ញាដោយកាយ ក៏ឈ្មោះថាកុហក​ រាប់បញ្ចូលក្នុងមុសាវាទដូចគ្នា ទោះបីអ្នកនិយាយកុហកដើម្បីសើចលេង ក៏ឈ្មោះថាជាពាក្យកុហក នៅក្នុងត្រណមរបស់សិក្ខាបទនេះដែរ។
          សិក្ខាបទនេះព្រះអង្គបញ្ញត្តតាំងឡើងដើម្បីបណ្តុះសច្ចធម៌ក្នុងសន្តានឪ្យមានការទៀងទាត់ ស្មោះត្រងដល់គ្នានឹងគ្នា ពុំឪ្យមានការវិវាទចាប់ចោទប្រកាន់គ្នា។
          សិក្ខាបទទី៥ ហាមអំពិការផឹកទឹកស្រវឹង គឺសុរានឹងមេរ័យ ។ ពាក្យថាសុរានេះ ជាឈ្មោះទឹកដែលកើតមកអំពីគ្រឿងត្រាំផ្លែឈើ ឬធញ្ញជាតិផ្សេងៗ ដែលគេត្រាំទុកយូរទា់តែទឹកនោះជូរផ្អូនខ្លាំង ក្លាយរបស់ជាតិទឹកស្រវឹងក្តី គេយកធញ្ញជាតិស្ងោររម្ងាស់បិទយកដំណក់តឹកញើសនោះក្តីធ្វើដោយបែបផ្សេងៗក្រៅពីនេះក្តី ទាំងនេះហៅថាសុរា។
          ចំណែកមេរ័យ គឺជាទឹកតម្រាំដែលគេដាក់មេជាតិស្រវឹងត្រាំទុកឪ្យចេញរសជាតិ ដូចទឹកត្នោតជូរជាដើម។ សុរានិងមេរ័យនេះជាទឹកស្រវឹងជាទីតាំងនៃសេចក្តីប្រមាទ ទោះបីខ្លាំងឬខ្យោយ ក៏រាប់ចូលក្នុងត្រណមរបស់សិក្ខាបទនេះទាំងអស់។
          សិក្ខាបទនេះព្រះអង្គបញ្ញត្តដើម្បីបណ្តុះអប្បមាទធម៌ឬសតិសំវរៈ ឪ្យដុះលូតលាស់ល្អនៅក្នុងសន្តានពុំឪ្យមានការប្រមាទក្នុងកិច្ចទាំងពួង។
បុគ្គលណា វៀចាកវត្ថុជាពុទ្ធប្បញ្ញត្តប្រតិបត្តិ តាមត្រណមក្នុងសិក្ខាបទទាំង៥ប្រការនេះបាន បុគ្គលនោះឈ្មោះថាជាអ្នកមានសីល។
សីលនេះជាទឹកឳសថវិសេសផុតឳសថក្នុងលោក អាចលាងជម្រះនូវមន្ទិល គឺសេចក្តីទុក្ខលោកអពមង្គលដែលដុះក្រាំងជាប់នឹងដូងចិត្របស់សត្វក្នុងលោកបាន សមដូចពុទ្ធសុភាសិតមួយកន្លែងក្នុងគម្ពីរវិសុទ្ធិមគ្គថា៖
ន អង្គា យមុនា​ វាបិ សរភូ វា សរស្សតិ និន្នគា វាចិរវតី មហី វាបិ មហានទី សក្កុណន្តិ វិសោធេតុំ តំមលំ ឥធ បាណិនំ វិសោធយតិ សត្តានំ យំ វេ សីល ផលំ មលំ ។
ទឹកមហានទីគង្គាក្តី យមុនក្តី សរភូក្តី សរស្សតីក្តី អចិរវតី មហិក្តី សុទ្ធតែជានទីយ៉ាងធំ​ ក៏មិនអាចដើម្បីនឹងជម្រះនូវមន្ទិលរបស់សត្វទំាងឡាយក្នុងលោកនេះបានឡើយ មានតែទឹកគឺសីលនេះឯង ទើបអាចជម្រះនូវមន្ទិល របស់សត្វលោកទាំងឡាយបាន។
        ន តំ សជលាធ វាតា ន បាបិ ហរិចន្ទនំ នេវ ហារ នមហណយោ ន ចន្ទកិរណង្កុរា  សមយន្តីធ សត្តានំ បរិឡាហំ សុរក្ខិតំ យំ សមេតីទំ អរិយំ​សីលំ អច្ចន្តសីតលំ ។
ខ្យល់ទាំងឡាយដែលបក្រកបដោយទឹក្តី ខ្លឹមចន្ទន៍ក្រហមក្តី កែវមុក្តាហារក្តី កែវមណីក្តី រស្មីនៃព្រះចន្ទដ៏ស្រទន់ក្តី ពុំអាចនឹងរម្ងាប់នូវសេចក្តីក្រហល ក្រហាយរបស់សត្វទាំងឡាយក្នុងលោកនេះបានឡើយ មានតែសីលដ៏ប្រសើរ ដែលបុគ្គលរក្សាហើយដោយប្រពៃ ជាគុណត្រជាក់យ៉ាងក្រៃលែង នេះទើបអាចនឹងរម្ងាប់បាន។
យា មនុស្សេសុ​សម្បត្តិ​ យា ច ទេវេសុ​សម្បតា ន សា សម្បន្នស្ស សីភ ស្ស  ឥច្ឆនតោ ហោតិ​ ទុល្លភា។
សម្បត្តិក្នុងស្ថានសមនុស្សក្តី ក្នុងស្ថានទេវតាក្តី កាលបើបុគ្គល ដែលមានសីលបរិបូណ៍ត្រូវការចង់បានហើយ​សម្បត្តិទាំងនោះ មិនជាប្រក្រតីសើឡើយ។
ឥច្ឆតិ​ ហិ ភិក្ខវេ សីលវតោ ចេតោបណិធិ
ម្នាលភិក្ខទាំងឡាយ​សេចក្តីប្រាថ្នាដែលតាំងនៅក្នុងចិ្តរបស់បុគ្គលអ្នកមាន សីល រមែងបានសម្រេចដូចបំណង។ ហេតុនេះសប្បុរសទាំងឡាយគួររក្សាសីលនេះគ្រប់ប្រាណ។
 ទី៣ ខន្តិសេចក្តីអត់ធន់ៗនេះលោកចែកជាបីយ៉ាងគឺ៖
-អត់ធន់ចំពោះសេចក្តីដែលជាហេតុឪ្យកើតលោភៈ ។
-អត់ធន់ចំពោះសេចក្តីដែលជាហេតុឪ្យកើតទោសៈ ។
-អត់ធន់ចំពោះសេចក្តីដែលជាហេតុឪ្យកើតមោហៈ ។
        ឯសេចក្តីអត់ធន់ចំពោះសេចក្តីទុក្ខដែលជាហេតុនាំឪ្យកើតទោសៈ នោះបានខាងការអត់ទ្រាំនឹងចំណង់ផ្សេង២ដែលកើតឡើងក្នុងទា្វរទាំង៦។ ពក្ាយថាអត់ទ្រាំគឺមិនប្រព្រឹត្តទុច្ចរិតតាមចំណងឬសេចក្តីស្រេកឃ្លាននោះ។ បុគ្គលជំពួកខ្លះព្រោះតែមិនចេះអត់ទ្រាំនឹងចំណងឬសេចក្តីស្រេកឃ្លាន បានជាហ៊ានលួចឆក់ដណ្តើមបំបាត់ប្រវញ្វន៍ទ្រព្យសម្បត្តិរបស់គេ​ ។
កាលបើប្រព្រឹត្តទុច្ចរិតដូច្នោះ​ រមែងជួបប្រទះនឹងសេចក្តីទុក្ខព្រួយដែលជាផលរបស់ទុច្ចរិតនោះៗ មានត្រូវទោសជាប់គុកច្រវ៉ាក់ជាដើម។ បុគ្គលនាជាមនុស្សមិនសូវរវះរវាមពេក ចេះអត់ទ្រាំបាន បុគ្គលនោះឯងគង់ប្រកប ដោយសុខភាព និងអនាម័យដ៏ល្អ។
        ឋិតឬខន្តិ សេចក្តីអត់ធន់នេះ ហៅថាអត់ធន់ចំពោះសេចក្តីទុក្ខដែលជាហេតុនាំឪ្យកើតលោភ សូម្បីអត់ធន់ចំពោះសេចក្តីទុក្ខដែលជាហេតុឪ្យកើតរាគៈ ក៏គួរសង្រ្គោះចូលក្នុងឋិតិនេះដែរ ។
ឯសេចក្តីអត់ធន់ចំពោះសេចក្តីទុក្ខដែលជាហេតុឪ្យកើតទោសៈនោះបានខាងសេចក្តីអត់ធន់ចំពោះបរម្បវាទ ដែលបុគ្គលដទៃស្តីថារិះគន់ឬត្មះតិះដៀល ឬអត់ធន់នឹងអំពោះដែលបុគ្គលដទៃបៀតបៀនដែលជាប្រភពរបស់ទោសៈ ។ ធម្មាតមនុស្សកើតមកក្នុងលោកសន្និវាសនេះ ដែលថាមិនៀ្យគស្តីថា មិនឪ្យគេរិះគន់ឬត្មះតិះដៀលសោះនោះគ្មានទេ អម្បាលព្រះអាទិត្យព្រះចន្ទ្រដែលឆ្លុះបំភ្លឺលោកជាប្រក្តី​ម្តេចគង់មានគេតិះដៀលខ្លះដែរ ចំណង់បើមនុស្សក្នុងលោកនឹងរកនរណាឪ្យជាមនុស្សឥតគេរិះគន់តិះ ដៀលនោះពុំមានឡើយ។ ទុកជាព្រះសាស្តាចារ្យបរមគ្រូជាម្ចាស់ដែលប្រកបដោយមហាគុណាទិគុណម្តេចក៏គង់មានគេតិះដៀលដែរ។ បើយល់ជាក់យ៉ាងនេះហើយគួរឪ្យមានការអត់ធន់ កុំក្រោធខឹង ។ បុរាណាចារ្យ ទាំងឡាយ លោកសំដែងប្រាប់ឧបាយគឺយោបល់ជាគ្រឿងរំលត់ សេចក្តី ក្រោធខឹងថា៖ ទុកជាមានភ្នែកភ្លឺ ក៏ត្រូវធ្វើជាងងឹត មានត្រចៀកស្លាប់ឮ ក៏ត្រូវធ្វើដូចជាមិនឮ ធ្វើជាថ្លង់ ។ ដូច្នេះទើបអត់ធន់សេចក្តីក្រោធខឹងនោះបាន ។ ប្រសិនបើធ្វើជាមនុស្សភ្នែកទិព្វត្រចៀកទិព្វ ចេះតែឃើញ ចេះតែឮ ហើយនៅជាបុចុជ្ជនចិត្តស្រាលផង ក៏ខឹនរក្សាសេចក្តីអត់ធន់នោះបានដោយកម្រណាស់ ។
ឯសេចក្តីអត់ធន់ចំពោះសេចក្តីទុក្ខ ដែលជាហេតុឪ្យកើតមោហៈនោះ បានខាងសេចក្តីអត់ធន់នឹងទុក្ខវេទនាផ្សេងៗ ដែលកើតឡើងក្នុងកាយនឹងចិត្ត មិនលុះក្នុងអំណាចនៃទុក្ខវេទនាហើយទៅប្រព្រឹត្តទុច្ចរិតឡើយ។
សូម្បីការដែលអត់ទ្រាំនឹងទុក្ខវេទនាក្នុងវលាឈឺថ្កាត់នោះសោត ក៏ជាហេតុផលជួយឧបត្ថម្ភឪ្យមានសតិសម្បជញ្ញៈ កឺការភ្ញាក់រឭកនឹងសេចក្តីដឹងខ្លួន ដែលជាកុណវិសេសគួរឪ្យមានគ្រប់កាលទាំងពួង។ ពុំនោះសោតក្នុងវេលាមានព្យាធិដែលជាហេតុឪ្យដល់មរណៈ ក៏គួរតែមានសេចក្តីអត់ធន់យ៉ាងមាំមួន។

ឧបាយដែលនឹងឪ្យកើតសេចក្តីអត់ធន់ក្នុងវេលានោះគឺត្រូវគិតឪ្យឃើញតាមសេចក្តីពិតថា៖ ព្យាធិនឹងមរណៈនោះជាទុក្ខដែលសត្វទាំងឡាយ ត្រូវ តែជួបប្រទះរាល់ៗគ្នា គេចមិនរួចឡើយ ។​ក្នុងអភិណ្ហប្បច្ចវេក្ខណៈ ដែលព្រះបរមគ្រូសាស្តាចារ្យទ្រង់ប្រដៅឲ្យនឹករំពឹងជារឿងៗថា ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ អាត្មាអញ់មានជំងឺដម្កាត់ជាធម្មតា នឹងចៀសវាងជំងឺដម្កាត់មិនបានឡើយ ។ ដូច្នេះនោះក៏ដើម្បីឪ្យប្រុងខ្លួនអំពកាលដែលនៅជានៅឡើយ បើចាំទៅនឹករំពឹងក្នុងដែលជម្ងឺដម្កាត់មកដល់តែម្តង ក៏មុខជាកម្រនឹងនឹកឃើញបាន ព្រោះវេលាដែលឈឺនោះ តែងមានទុក្ខព្រួលំបាកច្រើនយ៉ាងណាស់ ។​  កាលបើអត់ទ្រាំទុក្ខវេទនាពុំបាន សតិ សម្បជញ្ញៈក៏នឹងទ្រេតទ្រោតទោពុំតាំងនៅខ្ជាប់ឡើយ ដូចជនជំពូកខ្លះ ដែលមិន បានហាត់ចិត្តទុកអំពកាលនៅជានោះ លុះវេលាដែលខ្លួនមានជំងឺធ្ងន់មកដល់ ក៏ច្រើនតែមានចិត្តរវើរវាយផ្សេងៗដរាបដល់ធ្វើអំពើទុច្ចរិតមានសម្លាប់សត្វជាដើម ដើម្បីបូជាគ្រោះដោយចង់រស់តែខ្លួនឯង ពុំគិតអាណិតសត្វដទៃក៏មាន។
        ព្រោះហេតុដូច្នោះ ការដែលបង្ហាត់ចិត្តស្មារតីដើម្បីឪ្យកើតសេចក្តីអត់ធន់នោះ ជាកិច្ចដែលយើងត្រូវការគ្រប់ៗប្រាណសម្រាប់តយុទ្ធនឹងសត្រូវ គឺព្យាធិទុក្ខ ក្នុងវេលាដែលជិតនឹងដល់នូវមរណទុក្ខនោះឯង ។
        ចំណែកអ្នកដែលប្រាថ្នារៀនរកនូវភោគទ្រព្យនិងវិទ្យាសាស្ត្រ  ក្សេត្រសាស្ត្រ និងពាណិជ្ជកម្ម កសិកម្មជាដើម បើមានសេចក្តីអត់ធន់វូវការស្រេក ឃ្លានមានក្រ ក្តៅត្រជាក់ជាដើមហើយ វិជ្ជានិងភោគទ្រព្យក៏រមែងសម្រេចដល់បុគ្គលនោះ ដោយមុហុត្តកាល បូក្គលនោះនឹងធ្វើខ្លួឪ្យទៅជាមនុស្ស ចម្រើនលោកបាន។
 ហេតុគួរចម្រើនឋិតិ សេចក្តីអត់ធន់ឲ្យមានគ្រប់ៗប្រាណ។

ទី៤ចាគៈ ការលះបង់នូវមច្ឆិរិយៈ គឺសេចក្តីកំណាញ់ ចាគៈជាគូនឹងទានៈ ការឪ្យ
        ចាគៈនិងទានៈពាក្យទាំងពីរនេះបើសំដៅយកសេចក្តីឃើញថា ផ្សេងៗគ្នា តបើដោយលក្ខណៈក៍ស្រដៀងគ្នា ។ តាមសេចក្តីអិប្បាយចំពោះ ពាក្យថា​ចាគៈនេះមានន័យ៤យ៉ាងគឺ៖
        ១ ចាគៈ ការលះបង់នូវវត្ថុណាមួយចំពោះបដិគ្គាហកៈ ដើម្បីលះបង់សង្កត់សង្កិតនូវលោភៈ និងមច្ឆិរិយៈឪ្យស្រាលស្តើងចាកសន្តានគឺចំណាយទ្រព្យដើម្បីទុកជាអសង្ខារ ឬជាកល្យាណវត្តរប់ចិត្ត ពុំបណ្តោយឲ្យចិត្តជ្រលក់ជាប់នៅក្នុងកិលេស។
        ២ ចាគៈ ការលះឪ្យអ្វីដែលមិនជាប់ចំព ាកដោយតណ្ហា​គឺឪឪ្យដោយមានបំណងចំពោះនិរាមិសសុខ  ដើម្បីធ្វើចិត្ឲ្យបរិសុទ្ធ បើកឳកាសឪ្យបញ្ញារបស់ខ្លួនមានកម្លាំងលូតលាស់ចម្រើនឡើងផង ដើម្បីជាប្រយោជន៍និងសេចក្តីសុខថ្កុំថ្កើង ជាតម្រាប់ដល់បច្ឆាជនតជនក្រោយផង ដូចយ៉ាងការចំណាយទ្រព្យទំនុកបំរុងព្រះពុទ្ធសាសនា សិក្សាឬសាលាសំណាក់ទុកសម្រាប់ជាសាធារណៈ មិនបានចំពោះបដិគ្គាហកៈ ។
        ៣ ចាគៈ ការលះឲ្យវត្ថុដ៏ប្រសើរក្រៃលែងលើសវិស័យរបស់មនុស្សសាម័ញ្ញក្នុងលោកគួរឲ្យស្ងើច ដែលរាប់ថាជាការបរិច្ចាគយ៉ាងខ្ពង់ខ្ពស់បំផុត កម្រអ្នកផងយកតម្រាប់តាមបាន ដូចយ៉ាងមហាបរិច្ចាគរបស់ព្រះបរមពោធិសត្វ។
       ៤ ចាគៈ ការលះបង់អាល័យក្នុងអាយុជីវិត និងសេចក្តីសុខ ក្នុងទ្រព្យ សម្បត្តិរបស់ខ្លួនម្នាក់ឯង ដើម្បីស្វះស្វែងរកឧបាយជួយរោយរាយចែកចាយឲ្យក្លាយទៅជាប្រយោជន៍ ផ្តល់សេចក្តីសុខចម្រើនរុងរឿងដល់មហាជនទុកជាកេរ្តិ៏ដំណែលតទៅ ។ នេះជាសេចក្តីអធិប្បាយរបស់ពាក្យ ចាគៈ។​ចំណែកខាងពាក្យថាទានៈក៏មានសេចក្តីន័យចែកចេញជា៤ដែរគឺ៖
        ១ ទានៈការឲ្យវត្ថុណាមួយដែលនៅជាប់ជំពាក់ដោយមច្ឆិរិយៈឬដោយស្ឬាក់ស្ទើរពុំជ្រះស្រឡះចាកមច្ឆិរិយៈ ឬក៏ឲ្យតាមទំនៀមទំលាប់របស់ត្រកូល ពុំមែនជាកិច្ចអស្ចារ្យចំឡែកជាងត្រកូលដែលធ្លាប់ធ្វើមកប៉ុន្មានទេ ។
        ២ ទានៈ ការឪ្យរបស់ណាមួយដែលនៅជាប់ដោយតណ្ហា គឺបុគ្គលអ្នកឲ្យទានប្រាថ្នា យកសិរី និងផលប្រយោជន៍មកខ្លួនវិញ ចំពោះសាមិសសុខក្នុងភពនេះឬភពមុខ។
        ៣ ទានៈ ការឲ្យពុំសមគួរ គឺបុគ្គលណាមានសម្បត្តិច្រើនមានវត្ថុថ្លៃថ្លាច្រើន លុះត្រូវការចាត់ចែងទាន់ក៏ចាត់ចែកងដោយរលីបរលាប ស្តួចស្តើងនឹងវត្ថុដ៏ថោកទាបតាមធម្មតា ទានរ់បសបុគ្គលនោះ​ឈ្មោះថាជាទានពុំសមតាមស័ក្តិតាមកម្លាំងនៃទ្រព្យដែលខ្លួនមាន។
        ៤ ទានៈ ការឲ្យចំពោះមុខបដិគ្គាហកៈអ្នទទួលផ្ទាល់ ដែលជាបុគ្គលខ្សត់ខ្សោយ ដោយគុណធម៌នឹងភោគទ្រព្យ  ឬខ្ពង់ខ្ពស់ដោយគុណធម៌ និងទ្រព្យ។
        ចាគៈ និងទានៈមានសេចក្តីផ្សេងគ្នាដូពណ៍នាមកនេះ ។ កាលបើសង្កេតមើលតាមដំណើរសេចក្តីក្នុងន័យទំាងនេះ គង់ឃើញច្បាស់ថា ចាគៈមានកម្លាំងជាងទានៈឬថា ធម៌ខ្ពង់ខ្ពស់លេចសេចក្តីទូលាយជាងទានៈ។
        មួយទៀតចាគៈនិងទានៈនេះបើពោលតាមលក្ខណៈរួបរួមក៏គឺការឲ្យការចែករំលែកភោគទ្រព្យចំពោះសត្វ ឬបុគ្គលដទៃប៉ុណ្ណោះឯង តែបើពោលតាមហេតុផលវិញ ចាគៈជាឈ្មោះចេតនា ដែលជាចេតសិកសម្រាប់លះ ទានៈជាឈ្មោះបរិក្ខាវត្ថុ ដែលគេត្រូវឲ្យ  ចាគៈចាត់ជាហេតុ ទានៈចាត់ជាផល  អាស្រ័យគ្នាដូចព្រះអាទិត្យនិងពន្លឺរស្មីនៃព្រះអាទិត្យ។
មួយវិញទៀត​ចាគៈដូចជាដើមឬទងនៃរុក្ខជាតិ ទានៈដូចជាផ្លែផ្កាដែលលេចេញចាកដើមឬទង។
        ចាគៈឬទានៈនេះដូជាជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌ដូចជាភាសិតថាៈ  ទានំ សគ្គស្ស សោបាណំ ទានជាជណ្តើររបស់ស្ថានគួគ៌ ។
ហេតុនេះសប្បុរសទាំងឡាយគួរចម្រើនចាគៈ និងទានៈនេះឲ្យមានឡើងក្រប់ៗរួប​។
សំដែងមកក្នុងផ្ទៃនៃពុទ្ធភាសិតនេះ ក៏សន្មតថាចប់ដោយសង្ខេប តែប៉ុណ្ណេះ។
        យស្សេតេ ចតុរោ ធម្មា សទ្ធស្ស ឃរមេសិនោ សច្ចំ ទមោ ឋិតិ ចាគោ ស វេ បេច្ច ន​ សោចតិ ។
បុគ្គលដែលមានសទ្ធាគ្រប់ក្រងផ្ទះត្រូវមានធម៌៤ប្រការនេះគឺ សច្ចៈ ទម  ឋិតិ ចាគៈរមែងមិនសោយសោកក្នុងលោកខាងមុខដោយពិត ។
សាធវោ បពិរត្រសប្បុរទាំងឡាយ កួរពុទ្ធបរិស័ទខំប្រតិបត្តិចម្រើនធម=ទាំង៤នេះឲ្យបានបរិបូណ៍គ្រប់ៗប្រាណ។
ធម្មទេសនានុភាវេន សុខិតា ហោន្តុ បាណិនោ ទ្ធីសុ អត្ថេសុ តិដ្ឋន្តិ សហ សព្វេហិ​ញាតិភិ។
ដោយអំណាចនៃធម្មទេសនានេះ សូមឲ្យសត្វនិករទាំអឡាយបានប្រកបដោយសេចក្តីសុខ ហើយស្ថិតនៅក្នុងប្រយោជន៍ទាំងពីរ ព្រមទាំងញាតិទាំងឡាយគ្រប់គ្នា។
ចប់ឃរាវាសធម៌ដោយបរិបូណ៌

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive