ច្បាប់គោរពមាតាបិតា
ដោយបណ្ឌិតអ៊ូ ចុង
ភូមិធម៌ភូមិសុខ ភូមិបុណ្យទៅមុខ កូនរកមិនត្រូវ
មិនស្តាប់វាចា ទេសនាម៉ែឪ តែចង្អុលផ្លូវ
ប្រាប់កូនប្រសស្រី។
តែកូនមិនដឹង ច្រើនណាស់តែខឹង នឹងម៉ែឪស្តី
តាមគួរស្តាប់ សូរស័ព្ធសម្តី លោកហើយគប្បី
គោរពបូជា។
ដូចស្តាប់ព្រះសង្ឃ លំអុតឪនអង្គ បង្គំវន្ទា
ព្រះពុទ្ធដាក់ក្បួន ព្រះធួននាម ឈ្មោះថាបុព្វា
អាចារ្យខាងដើម។
សម្រាប់ទុន្មាន កូនចៅគ្រប់ប្រាណ ឲ្យបានយ៉ាងឆ្នើម
កុំឲ្យដើរលេង ជាល្បែងគេខ្ពើម កុំឲ្យរងើម
សប្បាយជ្រុលពេក។
ពេលយប់ព្រលប់ មើលការឲ្យគ្រប់ ទុកដាក់ហើយដេក
ក្រោកឡើងពីយប់ ប្រារព្វពន់រែក កុំឲ្យទាស់ភ្នែក
អ្នកផងទាំងឡាយ។
មើលគេអ្នកមាន គេមិនអត់ឃ្លាន មានកាក់ប្រាក់ចាយ
ព្រោះគេបានស្តាប់ នូវច្បាប់ឪពុកម្តាយ ទើបបានសប្បាយ
នាលោកនេះហោង។
នេះធម៌ទេសនា របស់មាតា និងបិតាផង
បើកូនណាស្តាប់ នូវច្បាប់គន្លង កូននោះលែងឆ្គង
ចាស់ផងស្ងួនភ្ញា។
ព្រះពុទ្ធដាក់ឈ្មោះ បាលីពិរោះ បុព្វទេវា
ទេវតាខាងដើម អ្នកផ្តើមរក្សា បុត្រាបុត្រា
ហៅទេវតាផ្ទះ។
គឺម្តាយឪពុក ជាអ្នកម្ចាស់ស្រុក កូនមិនសំពះ
ម៉ែឪទូន្មាន ឈ្លានពានចង់ឈ្នះ សត្រូវនឹងព្រះ
កន្លោងអាត្មា។
ប្រទូស្តសរាយ នឹងឪពុកម្តាយ ស្រែកហៅទេវតា
អំពីខាងក្រៅ ដឹងនៅឯណា ឈ្លោះនឹងទេវតា
គឺម៉ែឪឯង។
តែងតែលំបាក ក្រីក្រតោកយ៉ាក ជាតិនេះឃើញស្តែង
ហើយទៅរងទុក្ខ ខាងមុខពុំលែង លុះភ័យទើបស្វែង
រកហោគ្រូទាយ។
ហោបូកលេខថា តាមក្បួនឃើញថា ខុសគ្រូខាងម្តាយ
ឬខាងឪពុក កុំទុកវែងឆ្ងាយ ត្រូវលៀងលោមថ្វាយ
គ្រូពីរទើបជា។
ហោទាយត្រូវណាស់ កូនស្តាប់មិនច្បាស់ បែរទៅវន្ទា
អ្នកតាអារក្ស ទេព្រក្សល្បាក់សា ម៉ែឪអាត្មា
មិនថ្វាយបង្គំ។
មិនលន់តួទោស
អំពិកំហុស ជូនចំណីនំ
ធ្វើសម្លបាយ មកថ្វាយបង្គំ ខមាលាសុំ
ឲ្យអត់ទោសពៃរ៍។
ដូច្នេះមិនធ្វើ យកចេកទៅផ្ញើ គល់ឈើក្នុងព្រៃ
ដុំថ្មអ្នកតា វន្ទាសព្វថ្ងៃ ធូបបីសរសៃ
និយាយសុំសុខ។
ម៉ែឪមិនឲ្យ ព្រោះជឿចិត្តធ្លោយ ចោលគុណនៅមុខ
ច្រើនជឿបែបនេះ ដូច្នេះគ្រប់ស្រុក ត្រង់ម្តាយឪពុក
បោះចោលទទេ។
ម្យ៉ាងទៀតធ្វើបុណ្យ ច្រើនតែចោលគុណ គ្មានគិតរិះរេ
បោលទៅតែវត្ត
ម្តាយអត់ទទេ ព្រោះជឿតាមគេ
រកបុណ្យខាងក្រៅ។
ដើមបុណ្យលើផ្ទះ ខ្លួនកើតទាន់ព្រះ កន្លោងគង់នៅ
បានត្រីត្រកាល ក្បាលឲ្យម៉ែឪ កណ្តាលនាំទៅ
យកបុណ្យឯវត្ត។
កណ្តាលសុទ្ធឆ្ងាញ់ សាច់ពោះពងខ្លាញ់ ធ្មេញលោកចុកម៉ាត់
ម៉ែឪជរា ទន្តាបាក់ម៉ត់ ទុកក្បាលឲ្យគាត់
ក្បាលសុទ្ធតែឆ្អឹង។
នេះហើយបុណ្យខុស ទាំងស្រីប្រុស ខ្ញុំប្រាប់កុំខឹង
ម៉ែឪរស់នៅ ចូរអស់លោកប្រឹង ធ្មេញគាត់នៅរឹង
បានឆ្ងាញ់ពិសារ។
ខ្លះជឿបុណ្យខ្លាំង យូរម្ហូបទាំងឆ្នាំង យកទៅវត្តវ៉ា
ម៉ែឪអត់ឃ្លាន ចង់បានណាស់ណា ភ្លយសួរកូនថា
មានសល់ឬទេ។
ព្រឹកឡើងឃ្លានបាយ ញ័រពោះញើសខ្ចាយ ឃើញសម្លគេ
កូនឆ្លើយវឹងថ្កាន មិនបានសល់ទេ កូនស្លគ្រាន់តែ
ទៅវត្តទេឪ។
ឪពុកសួរថា បើដួសកាលណា ចែកឪខ្លះទៅ
កូនខ្លះឆ្លើយប្រាប់ ថាបាប់ណាស់ឪ គេថាមិនត្រូវ
ឪស៊ីមុនលោក។
ម៉ឭែឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឲ្យវិយោគ
ឪទារពិសារ កូនថាមុនលោក ពុំបានបរិភោគ
គេឲ្យបាបផង។
នេះបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរផ្លូវឆ្គង
បុណ្យមិនត្រកាល វិសាលឡើយហោង ព្រោះដើរកន្លង
ឲ្យម៉ែឪអត់។
ពួកជនឈ្លានពាន មិនចេះធ្វើទាន ច្រើនធ្វើទានក្បត់
សទ្ធាមិនជ្រៅ ជ្រុលទៅតែវត្ត ឲ្យព្រះដើមអត់
ស្រែកឃ្លានពេកក្រៃ។
នេះឯងខុសណាស់ មកពីច្បាស់ ច្បាប់ធម៌វិន័យ
បានជាប្រព្រឹត្ត គំនិតព្រៃផ្សៃ បន្ថោកតម្លៃ
នៃអ្នកមានគុណ។
យល់ខុសស្រឡះ ព្រោះមិនស្គាល់ព្រះ មិនច្បាស់ដើមគុណ
អ្នកប្រាជ្ញបុរាណ ថាបានធ្វើបុណ្យ ត្រូវថ្វាយព្រះមុខ
សឹមថ្វាយព្រះសង្ឃ។
រៀបចង្ហាន់ព្រះ បូជាសំពះ មើលព្រះឲ្យត្រង់
ប្រាជ្ញប្រាប់ជាបែប សង្ខេបតម្រង់ វេរភត្តថ្វាយសង្ឃ
ត្រូវថ្វាយព្រះមុន។
ជូនភោជនាហារ មាតាបិតា បូជាតបគុណ
សឹមថ្វាយព្រះសង្ឃ ទ្រទ្រង់សីលបុណ្យ ព្រោះម្តាយមានគុណ
រកអ្វីស្មើគ្មាន។
ត្រូវធ្វើបុណ្យខ្នើត ម៉ែឪស៊ីកើត កំពុងស្រែកឃ្លាន
ម៉ែឪរស់នៅ កូនត្រូវធ្វើទាន បំបាត់ស្រែកឃ្លាន
ហៅធ្វើបុណ្យខ្នើត។
ហៅបុណ្យខែភ្លឺ កុំចាំគាត់ឈឺ បរិភោគលែងកើត
ជូនគាត់កាលជា ហៅថាបុណ្យខ្នើត គាត់បរិភោគកើត
បានជាងរនោច។
លុះបាត់ជីវិត បុណ្យខែងងឹត ដូចថ្ងៃ១០រោច
កូនចៅទាំងឡាយ យកបាយឲ្យខ្មោច ម៉ែឥតប្រយោជន៍
ខ្មោចណាចេះស៊ី។
កត្តិកមាសា ចេញខ្យល់រងា ត្រជាក់ពេញទី
មិនគិតរកភូយ បានមួយឬពីរ ទាំងមិនសាមគ្គី
រកពូកជូនគាត់។
ត្រូវរករបស់ ជាស្នបទាន់រស់ ដណ្តប់ជូនគាត់
កុំចាំដាច់ខ្យល់ ទើបខ្វល់គ្រប់មាត់ រកស្នបជូនគាត់
ដណ្តប់ឲ្យអស់។
ឲ្យភ្លើងត្រេកអរ ទទួលអំរណ មិនដឹងត្រូវខុស
ម្តេចមិនខ្វល់ខ្វាយ ជូនម្តាយកាលរស់ ម្តេចចាំខ្យល់អស់
ទើបធ្វើឪឡារ។
កាលគាត់រស់នៅ ព្រឹកល្ងាចក្តួលក្តៅ ស្រេកឃ្លានអស្ចារ្យ
មិនគិតជូនគាត់ ឲ្យអត់អាហារ ឲ្យតែធ្វើការ
ចាំផ្ទះឲ្យគេ។
ចំណីត្រីសាច់ ចង់ស្ទើរប្រកាច់ អត់ជូនគាត់ទេ
ដល់ឈឺផ្តេតៗ ម្ហេតៗទើបរេរ ដេកជុះទើបគេ
ជួននំចំណី។
ទាំងជិតទាំងឆ្ងាយ មូលមករកម្តាយ ទាំងប្រុសទាំស្រី
ទូរេននំប៉័ង សំរាំងថ្មីៗ ម្តាយហៅលែងស្តី
រឹងថ្គាមស្ងួតក។
កូនហៅអើម៉ែ ម៉ែស្គាល់កូនទេ បានចំណីល្អ
ម្តាយពោលខ្សាវៗ គ្រាវៗឆ្លើយត ថាអើឯងមក
ម៉ែអរណាស់ណា។
កាលម៉ែមិនឈឺ មិនមានជំងឺ នោះកូនរាល់គ្នា
មិនអាណិតម៉ែ លុះម៉ែជរា ទើបកូនរាល់គ្នា
មករុញបញ្ចូល។
ម៉ែឪស្លាប់បាត់ ទើបកូនច្រវ៉ាត់ ប្រាប់ញាតិត្រកូល
ឃោសនាធនធាន ព្រៀនលានឲ្យចូល មកជុំប្រមូល
ធ្វើបុណ្យឲ្យខ្មោច។
ខែផល្គុណចេត្រ ថ្ងៃក្តៅក្រឡែត ឆ្ងាយទឹកហិនហោច
ម៉ែឪចាស់ៗ ក្តៅណាស់អាណោច មិនរែកទឹកស្រោច
ឪពុកម្តាយសោះ។
មិនមានថ្មមថ្នាក់ មិនដងទឹកដាក់ ពាយដោយសង្គ្រោះ
ដល់ពេលគាត់ស្លាប់ នោះស្រាប់តែស្មោះ អប់ទឹកក្អមនោះ
ហៅលើកចម្អាស់។
ម៉ែឪនៅរស់ មិននាំគ្នាទៅ ធ្វើការប្រវ៉ាស់
ដាក់វេនក្រោយមុន តបគុណគាត់ចាស់ ស្លាប់ហើយធ្វើណាស់
ដណ្តើមគ្នាដុស។
ដូចស្រោចគល់ឈើ ងាកងក់ងីងើ មិនដឹងត្រូវខុស
ទើបកូនវន្ទា ស្មាលាទោសខុស ម៉ែឪនៅរស់
មិនដែលវន្ទា។
កាលមានជីវិត នោះកូនគ្មានគិត ម្តេចទៅវេរា
ម្តាយឪទូន្មាន កូនគ្មានបូជា បំពេញសទ្ធា
ឲ្យម្តាយស្មាទាន។
ស្តាប់ថម៌ទេសនា ឲ្យម្តាយជ្រះថ្លា រកសួគ៌និព្វាន
ប្រើម្តាយធ្វើឆ្មាំ ឲ្យចាំចង្ក្រាន ឲ្យទៅស្មាទាន
ឲ្យឆាប់មកវិញ។
មើលកូនយកចៅ ខែនេះកូនទៅ ដក់ស្ទូងស្រែមិញ
ម្តាយទៅរូតរះ មកផ្ទះចំណេញ ម្តាយប្រាប់មកវិញ
អញ់ស្តាប់លោកទេសន៍។
កូនថាស្ទូងហើយ ស្តាប់ចុះម៉ែអើយ ខែនេះធ្វេស
កណ្តាប់ក្រៀមហែង ម៉ែឯងប្រហេស ដើរស្តាប់លោកទេសន៍
សំណាបចុកថ្នាល។
១ខែ៤សីល គេថាម្តាយខ្ជិល ពួកកូនត្រកាល
ទុកម្តាយគ្រាន់ប្រើ បម្រើធ្ងន់ស្រាល ម្តាយខូចខួរក្បាល
លែងស្គាល់ពុទ្ធដីការ។
ស្លាប់ទៅដូចឳស គេដុតឆេះសុះ ហើយគេនាំគ្នា
រើសធាតុដាកថោ ភ្នែកស្លោអនិច្ចា ហៅញាតិការ
ហែធាតុទៅវត្ត។
ឲ្យទៅស្តាប់ធម៌ ឲ្យធាតុត្រេកអរ ព្រោះលែងប្រើគាត់
កាលគាត់រស់នៅ មិនឲ្យទៅវត្ត ដុតឆេះខ្លោចម៉ត់
ទើបឲ្យទៅថ្កាន។
ហេតុនេះអ្នកអើយ កុំធ្វើព្រងើយ ប្រុសស្រីគ្រប់ប្រាណ
បម្រើមាតា បិតាកុំខាន ទើបសុខក្ខឹមក្សាន្ត
បានអាយុវែង។
កុំគប្បីធ្វេស កុំឈ្លោះចចេស នឹងម៉ែឪឯង
ជាតិនេះជាតិក្រោយ ទុក្ខសោយពុំលែង ព្រះពុទ្ធសម្តែង
ច្បាស់ឥតសង្ស័យ។
អវចីនរក ទម្រាំរួចទុក្ខ យូរយាពេកក្រៃ
អាយុ១កប្ប គ្មានរាប់ខែថ្ងៃ បើមាននិស្ស័យ
ទើបរួចមកបាន។
មកកើតជាប្រេត រូចទើបអណ្តែង កើតជាតិតិរច្ឆាន
លុះអស់វេរា ទើបជាមនុស្សបាន ខ្វិនខ្វាក់ក៍មាន
គថ្លង់ឃ្លង់ស្រែង។
ថ្លែងចប់ប៉ុណ្ណេះ សូមបញ្ឈប់ស្លេះ សង្វេបវាចា
ថ្លែងមកប៉ុន្មាន សូមបានផល្លា ដូចក្តីប្រាថ្នា
ដល់និព្វានហោង។