ប្រទេសខ្មែរបណ្ឌិតកាន់តែច្រើន ពលរដ្ឋកាន់តែវ៉ល់

ព្រៃប្រែវាល ភ្នំបែរជាជ្រោះ សមុទ្រក្លាយជាថ្លុកត្រពាំងភ្នំ គមនាគមន៏ក្លាយប្រឡាយទឹកទៅវិញ ។ បើដូច្នេះមិនយូរទេ ប្រហែលជារជ្ជកាលនេះនឹងផ្លាស់ប្តូរពលរដ្ឋឲ្យក្លាយជាដុំថ្ម ឬជាមនុស្សយន្តសម្រាប់ដឹកជញ្ជូនបម្រើពួកមន្ត្រីក៏មិនដឹង។ សមិទ្ធផលទាំងនេះជាស្នាដៃរបស់លោកធំអ្នកប្រាជ្ញសម័យតេជោ ហើយក៏ជាគោលនយោបាយឈ្នះៗមិនដែលចាញ់របស់សម្តេចដែរ ។

ថ្មីៗនេះទៀត មានបណ្ឌិតបុរាណវិទ្យាម្នាក់នោះបានប្រែពាក្យខ្មែរ«គុក ស្មើពាក្យថាប៉ម ថាកន្លែង យាម កន្លែងធ្វើកម្មដ្ឋាន » ។ ខ្ញុំមិនដឹងថាបណ្ឌិតទាំងនោះ បានពាក្យនោះមកពីណា ថាគុកគឺប៉ម ប្រាង្គប្រាសាទនោះ ខ្ញុំរកមិនឃើញពាក្យទាំងនោះនៅក្នុងវចនានុក្រមខ្មែរសោះទេ នេះប្រហែលជាគេទើប កែប្រែថ្មីមិនដឹង ទើបគុកប្រែទៅជាប្រាសាទវិញហើយ ។ បើដូច្នេះមែន ប្រហែលជាកូនខ្មែរត្រូវកែប្រែ ត្រូវសិក្សាពាក្យខ្មែរជាថ្មី ត្រូវរៀនប្រើពាក្យខ្មែរម្តងទៀតហើយៗ គួរតែហៅគុកព្រៃសជាដើមនោះ ថាជាប្រាសាទសម្រាប់ធ្វើកម្មដ្ឋានរបស់មនុស្ស ។
ខ្មែរសព្វថ្ងៃនេះ ខាតគេប្រើពាក្យថាចំណេញៗទៅខាត សង្គ្រោះជាសង្គ្រាម មានគេថាក្រ ល្អគេថាអាក្រក់ ត្រសក់គេថាត្រឡាច ជេរគេថាប្រដៅទូន្មានវិញ ។ សង្គមខ្មែរវិលវល់ ឡប់ពេញផ្ទៃប្រទេស មិនដឹងជានរណាជាបណ្ឌិតពិត នរណាជាពាលពិតទេ ។ បណ្ឌិតកាន់តែច្រើន អ្នកឆ្កួតវង្វែងកាន់តែច្រើន អ្នកធំឧកញ៉ាកាន់តែច្រើន អ្នកក្រកាន់តែច្រើន អ្នករត់ចោលស្រុកទៅធ្វើខ្ញុំបម្រើបរទេសកាន់តែច្រើន ចាកចោលស្រុកទេសស្ងាត់ភូមិស្រុក ។ ប៉ុណ្ណឹងហើយលោកសុខ ឥសាន្តថា «មានជនចំណាក់
ស្រុកទៅធ្វើការបម្រើបរទេសច្រើន ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន» ។ ហើយចុះបើសេដ្ឋកិច្ចជាតិរីកចម្រើនដោយសារតែធ្វើកញ្ជះគេយ៉ាងនេះ ម្តេចមិននាំកូនចៅលោកសុខ ឥសាន្តខ្លួនលោកទៅធ្វើកញ្ជះគេផង ឬចេញទៅធ្វើទាំងបក្សគ្រួសារផង វារឹតរីកច្រើនដល់ជាតិទៀត ព្រោះលោកក៏ថាស្នេហាជាតិដែរ ។
មែនឡប់វ៉ល់តែបក្សធំៗ បណ្ឌិតល្បីៗទេ សូម្បីតូចៗក៏ពូកែប្រែឡប់ក្រឡាប់ចាក់ណាស់ដែរ គេថា«ពាក្យ អាឈាមឆ្កែ អាចោរថង់យាម អាត្រងោល ឈាមម៉ែហែងឈាមឆ្កែ» ជាដើមនោះជាពាក្យដៀល មិនមែនជាពាក្យជេរប្រមាថនោះទេ ជាពាក្យប្រៀនប្រដៅ ទូន្មានឲ្យល្អ ជាវប្បធម៌របស់បក្សគេ (LDP) ហើយគេនាំគ្នាបង្កើតពាក្យជេរអាឈាមឆ្កែ ម៉ែហែងឈាមឆ្កែនេះឲ្យកូនចៅសមាជិកគេ ជេរពេញបណ្តាញសង្គមហ្វេសប៊ុក គ្រប់វេទិកា ចំពោះពលរដ្ឋខ្មែរណាមិនយល់ពីសម្ព័ន្ធរបស់គេ ។ មិនមែនដៀល ដៀមដាមត្រឹមពលរដ្ឋសាមញ្ញ និងព្រះសង្ឃពុទ្ធសាសនាប៉ុណ្ណោះទេ សូម្បីព្រះមហាក្សត្រខ្មែរ ជានិមិត្ត ជាសក្ការៈនៃប្រជាជនខ្មែរក៏ប្រធានបក្សរូបនេះប្រើពាក្យដ៏សែនគ្រោតគ្រាតដែរ ។
បើខ្មែរសម្បូណ៍តែមនុស្សបែបនេះ បណ្ឌិតបែបនេះ មន្ត្រីវង្វែងវង្វាន់យ៉ាងនេះ ចេះតែបំភ័ន្តបំភ្លៃ ចំណេញទៅខាតៗទៅចំណេញ គេរំលោភបំពានខ្មែរទៅថាខ្មែរចំណេញ ឆ្កួតទៅជាយ៉ាងនេះ តើកូនខ្មែរនឹងមានអ្វីជាទីពឹង តើទំពាំងខ្មែរក្លាយជាទំពាំងស្អីទៅ ឫស្សីស្អីទៅ ?
សូមអស់លោកពិចារណាចុះ ថាខ្មែរទៅអនាគតនឹងទៅជាយ៉ាងណា ?