អំពីយើងខ្ញុំ

ទី២៦ ខែ១២ ខ្ញុំបានចាប់បដិសន្ធិឡើងនៅក្នុងខេត្តមួយភាគខាងកើតឈៀងខាងជើងនៃប្រទេសគឺខេត្តកំពង់ចាម (Eastern of Cambodia)។ អាយុ១០ឆ្នាំ ខ្ញុំបានចូលសិក្សារៀននៅសាលបឋមសិក្សា ។ រៀនបានថ្នាក់ទី៣ខ្ញុំក៏បានចូលបួសជាសាមណេរនៅវត្តគងជ័យស្រុកអូររាំងឳ ដោយម្តាយនិងបងៗបង្ខំ ដោយសារកាលនោះលោកគ្រូមកបង្រៀនមិនដិតដលផង ខ្ញុំក៏សម្រេចចិត្តទៅបួសទាំងបង្ខំចិត្ត។ 

ដំបូងឡើយខ្ញុំប្រកែកយ៉ាងដាច់អហង្ការ ដោយគិតថានៅក្នុងសាសនាគ្មានសាលារៀនសូត្រ គ្មានការអប់រំវែងឆ្ងាយ បួសហើយរៀនតែធម៌សូត្រ មិនបានសិក្សាចំណេះទូទៅ ។ ប៉ុន្តែម្តាយខ្ញុំចេះនិយាយដដែលៗថា គេក៏មានសាលារៀនដែរ បួសហើយរៀនដូចគេឯងតើ ។ ខ្ញុំក៏សន្យាថា ចាំខ្ញុំធំបន្តិចសិន ខ្ញុំមិនចេះស៊ីបបរទេ ខ្ញុំហេវណាស់ ខ្ញុំមិនអានអក្សរបាលីទេ ។ ម្តាយខ្ញុំនិយាយដដែលៗថា តែរៀនចេះហើយ កូនគេ៨ទៅ៩ឆ្នាំបួសបានតើ គេចេះធម៌សូត្រអស់ហើយ ។

ដោយសារតែខ្ញុំមិនចេះភូតភរ ប្រកាន់ពាក្យសច្ចៈក៏សន្យាទៀតថា ចាំខ្ញុំទៅមើលវត្តសិន ថាតើមានគេរៀនមែនអត់ ?

គ្រានោះមានមិត្តភ័ក្ត្រធ្លាប់រត់លេងឃ្វាលគោជាមួយគ្នា ក៏បបួលទៅមើលវត្ត ព្រោះគាត់ជាកូនអាចារ្យស្រាប់ផង ហើយគាត់ក៏កំពុងតែរៀនធម៌បម្រុងនឹងបួសស្រាប់ ។ 

ចៃដន្យពេលទៅដល់ ខ្ញុំបានឃើញព្រះសង្ឃកំពុងតែសិក្សា អក្សរសាស្ត្របាលីនិងអង់គ្លេងមែន ខ្ញុំសប្បាយចិត្តណាស់ តែមិនទាន់សម្រេចចិត្តភ្លាមៗទេ ខ្ញុំក៏ឡើងទៅលើសាលាឆាន់ដើម្បីភ្លក់រស់ជាតិបបរស ក្រែងខ្ញុំមិនអាចបរិភោគបាន ។ 

និស្ស័យអ្វីព្រះអើយ បបរស ដែលខ្ញុំធ្លាប់ឃើញនិងឮម៉ែខ្ញុំប្រាប់ថាបបរហើយខ្ញុំស្រែកយំននៀលដី បែរជាបបរមានឳជារស់ ផ្អែមឆ្ងាញ់ ដោយត្រឹមផ្ទាប់ជាមួយល្ហុងត្រាំសោះ ។ ខ្ញុំវិលទៅផ្ទះវិញភ្លាមប្រាប់ម៉ែខ្ញុំថា កូនយល់ព្រមទៅបួសចុះ កូនអាចឆីបបរសបាន ហើយកូនក៏ឃើញគេរៀនសូត្រមែនដែរ ។ 

ជំរាប់ប្រាប់រ៉ាយរ៉ាប់ម្តាយខ្ញុំរួចហើយក៏រៀបចំខោអាវ ទៅកាន់វត្តអារាមភ្លាម ។ ទៅដល់ថ្វាយបង្គមលោកគ្រូចៅអធិការទួលថ្វាយពីបំណងចូលបព្វជ្ជាក្នុងសាសនាដើម្បីសិក្សារៀនសូត្រឲ្យបានចេះដឹង កំចាត់បង់នូវអវិជ្ជា ពោលគឺសេចក្តីល្ងង់ខ្លៅ ស្វែងរកផ្លូវល្អ ផ្លូវត្រូវពន្លឺភ្លឺស្វាងក្នុងលោក ។

ជាអកុសល បួសហើយ ខ្ញុំសែនស្តាយជាពន់ពេកក្រែណាស់ ឆ្ងាយសាលា ឆ្ងាយមិត្តធ្លាប់រៀនសូត្រជាមួយគ្នា ឆ្ងាយសៀវភៅ ឆ្ងាយគ្រូខាន់យល់ លែងឮសំឡេងគ្រូជេរស្តីថា ។ សាលាភាសា និងអក្សរសាស្ត្របាលី ដែលខ្ញុំបានឃើញមុនពេលចូលបួសនោះលែងមានទៀតហើយ វារលាយសូន្យ រសាត់ទៅតាមខ្យល់ហើយ ។ 

រៀងរាល់ថ្ងៃច័ន្ទសុក្រ ពេលព្រឹកល្ងាចថ្ងៃខ្ញុំតែងអង្គុយសម្លឹងមើលទៅសាលារៀន អង្គុយមើលសិស្សានុស្សទាំងឡាយដើរចូលមកតាមខ្លោងទ្វារព្រោងព្រាត ខ្ញុំអង្គុយមើលសិស្សតម្រង់ជូរ ខ្ញុំស្តាប់ស្នូរជួងលាន់ឮរោទិ៏ឡើង ធ្វើឲ្យខ្ញុំកាន់តែនឹកអាល័យអនុស្សាទាំងប៉ុន្មានធ្លាប់សិក្សាជួបជុំ ។

ស្តាយណាស់ ប៉ុន្តែអ្វីៗមិនអាចថយក្រោយវិញបាន បួសហើយកុំឲ្យគេថា បួសឲ្យតែគេហៅអន្ទិត អន្ធិតគោលោតអ្វី ទោះសឹកទៅរៀនវិញក៏ពិបាក ខ្មាស់គេផង រៀនមិនទាន់គេផង ។ ខ្ញុំក៏សម្រេចចិត្តស្វះស្វែងរកវត្តដទៃក្រែងមានគេរៀនសូត្រ ។

ល្ងាចឡើងថ្វាយបង្គំលោកគ្រូចៅអធិការ ទៅលែងម្តាយដើម្បីសុំទៅឆ្ងាយស្វែងរកសាលារៀនសូត្រ ។ 
ខ្ញុំ ៖ម៉ែ(ញោម)កូនសុំទៅរៀនស្រុកគេហើយ ។
អ្នកជិតខាង៖ យី! ទៅរៀនឯណាជើងប្រវែងមួយចំអាមហ្នឹង?
ខ្ញុំ៖ ទេអាត្មា(ខ្ញុំ)ត្រូវតែទៅ អាត្មាមិនអាចនៅទីនេះបានទេ ទីនេះគ្មានការរៀនសូត្រទេ នៅមិនកើតទេ ។

ម្តាយខ្ញុំក៏យល់ព្រមឲ្យទៅដើម្បីស្វះស្វែងរកការសិក្សារៀនសូត្រ។ 
ចេញដំណើរទៅរៀនសូត្រផ្លូវឆ្ងាយ ខ្ញុំមានតែលុយ៦ម៉ឺនរៀនគត់ មាត់ជូរអែមៗ ភ័យផងអរផង បានគេលោកតាមួយអង្គសន្យាថានឹងជួយរកវត្តឲ្យរៀនសូត្រក៏ធូរទ្រូងបន្តិច តែនៅបារម្ភខ្លាចគេបោក តែគេបោកអស់លុយប៉ុណ្ណឹងមិនដឹងរកផ្លូវណាមកស្រុកវិញទេ ។ 

ធ្វើដំណើរពីកំពង់ចាម ដោយឆ្លងកាត់ភ្នំពេញ ខ្ញុំបានចូលសុំវត្តក្រុងជាច្រើន ដូចជាវត្តជ្រោយថ្ម ខេត្តកំពង់ចាម រហូតហួសទៅភាគខាងលិចនៃក្រុងភ្នំពេញ ។ 
ចម្លើយដែលព្រះចៅអធិការគ្រប់អង្គបានឆ្លើយ គឺពេញហើយ មិនទាន់ទទួលទៀតទេ ហើយក៏មានព្រះចៅអធិការខ្លះធ្វើឲ្យខ្ញុំចាំមិនភ្លេចក្នុងមួយជីវិត្តដេរ ។ 

ដោយសារតែលទ្ធផលដែលចៅអធិការឆ្លើយថាពេញហើយ ខ្ញុំនិងមិត្តភ័ក្ត្រម្នាក់ឈ្មោះហាន រួមទាំងលោកតាជាអ្នកជួយខ្វះខ្នែងស្វែងរកផង ក៏ហួសទៅដលវត្តបែកចានខាងលិចភ្នំពេញ ហើយបន្តទៅដល់វត្តមួយកៀនជាប់ព្រំដែនកំពង់ស្ពឺខេត្តកណ្តាល គឺវត្តដំណាក់អំពិល។ 

មកដល់ទីនោះ សិក្សាមែន គឺសិក្សាមួយចប់ផ្នែកសំណង ដាំស្ល និងហាត់ដើរបិណ្ឌបាត្ររយៈចម្ងាយ ពីវត្តដំណាក់អំពិលទៅចូលខេត្តកំពង់ស្ពឺប្រមាណ៣ទៅ៤គីឡូ ។ 

នៅទីនោះ ធ្វើសំណងផង ហាត់ដើរចម្ងាយផ្លូវផង ដាំស្លផង មិនបានប៉ុន្មានខែផង ថ្ងៃ០៥ ថ្ងៃ០៦ ១៩៩៧ស្រាប់តែមានការផ្ទុះអាវុធនៅក្រុងភ្នំពេញ ទុក្ខជាន់លើទុក្ខ លុយក៏អស់ សង្គ្រាមក៏កើតឡើង ផ្លូវមកផ្ទះវិញក៏មិស្គាល់ហើយ ចៃដន្យសង្គ្រាមកើតចំផ្លូវដែលត្រូវិលមកស្រុកកំណើតវិញទៀត ។

លុយសល់បីម៉ឺនរៀល សុខសាប់ៗ លាក់ចុះលាក់ឡើងខ្លាចចោរលូច លាក់ក្នុងថង់យាមដាក់ធ្នើរហឹងជិតដំបូលហើយនៅតែចោរដឹងលួចបានទៀត ធ្វើឲ្យខ្ញុំទ័លច្រក់អស់ផ្លូវដើរសម្រេចធ្វើសំណង់ ដាំស្លរកឳសអស់មួយព្រះវស្សា ។

នៅក៏ចេះបន្តនៅ តែការសាកសួរវត្តដែលរៀនសូត្រក៏ចេះបន្តសើបសួរ វត្តជិតវត្តឆ្ងាយ ដូចជាវត្តគោកបញ្ជន់ វត្តអង្គមិញជាដើម ។ វត្តពីរនេះធ្វើឲ្យខ្ញុំចាំមិនភ្លេច តែខ្ញុំមិនបានស្រក់ទឹកភ្នែក ខ្ញុំសូ៊លុតជង្គង់រាប់ម៉ោង ដើម្បីបានចម្លើយពីព្រះចៅអធិការកំណាញ់វត្ត វត្តមួយនៅតែ៦អង្គ ។

ចេញព្រះវស្សាហើយ ដូចជាដកបន្លាចេញពីទ្រូង គិតថានឹងត្រូវរករៀនសូត្រឲ្យបានពិតប្រាកដមួយ ។ ខ្ញុំនិងមិត្តថ្មីពីអង្គទៀតក៏ចេញដំណើរពីអង្គស្នួលខេត្តកណ្តាលឆ្ពោះទៅកំពង់ចាមយើងវិញ សុំកំពង់ចាម ចំការលើ វត្តសពឹ ល្វាមិនបានក៏ត្រឡប់កំពង់ធំ។ ដោយសារតែមិត្តភ័ក្ត្រគេមានបងធ្វើធំនៅទីនោះគេក៏ទទួលឲ្យស្នាក់រៀនសូត្រនៅទីនោះ ។ រៀនសាលាបឋមសិក្សាសាលាបាលីនៅទីនោះបីឆ្នាំក៏វិលមកភ្នំពេញ។

អំពីការចូលសិក្សានៅក្រុងភ្នំពេញ(២០០១)



ជីវិតទ័លក្រ កំព្រាគ្មានទីពំនឹង​ខ្សត់ញាតិ គ្មានព័ត៍មានអ្វីសោះអំពីរបៀបរបបរស់ក្នុងក្រុងភ្នំពេញ​ ឮតែគេថាក្រុងភ្នំពេញ មានភាពសម្បូណ៏បែប មានសាលារៀនច្រើន សម្បូណ៏អ្នកមានចំណេះដឹងច្រើន សីលធម៌របបរស់នៅនៃទីក្រុងមានភាពខុសគ្នាច្រើន គុណភាពនៃការអប់រំរឹតតែខុសគ្នាឆ្ងាយដាច់ស្រឡះ ។ 

បានដំណឹងពីមិត្តហើយក៏សុំលាញាតិញោមអ្នកស្រលាញ់រាប់អានចូលក្រុងភ្នំពេញម្តងជាលើកទី២  លើកទី១ចូលជាយក្រុង ម្តងនេះចូលចំកណ្តាលក្រុងតែងម្តង សង្ឃឹមថានឹងទទួលបាលក្តីសន្តោស ប្រណីមេត្តាពីព្រះអធិការ អាចារ្យគណៈកម្មការទទួលឲ្យស្នាក់នៅបានរៀនសូត្រខ្ពង់ខ្ពស់ ដូចកូនគេអ្នក្រុង ។

មកដល់ក្រុងអ្វីៗគ្រប់យ៉ាងខុសគ្នាទាំងស្រុងមែន ទាំងសម្តីសំដៅ ឥរិយាបថនៃគ្រប៉គ្នា ស្វាហាប់ ខ្នះខ្នែង គេនិយាយអ្វីក៏លុយ អ្វីក៏ជាប្រយោជន៏ គ្មានមិត្តភាព គ្មានទេការយោគយល់ សន្តោសប្រណី កុណធម៌បុណ្យសីលភាវនា ។

មេកុដិរបស់ខ្ញុំថ្វីត្បិតតែលោកស្រលាញ់លុយខ្លះដែរ ប៉ុន្តែលោកយោគយល់​ ក្មេងក្រខ្សត់ ខ្ចាត់ព្រាត់គ្មានទីពំនាក់អាស្រ័យមានបំណងចង់សិក្សារៀនសូត្រ លោកជាអ្នកស្រលាញ់ការសិក្សា ជាអ្នកស្រលាញ់អ្នកតស៊ូរៀនសូត្រ ។ លោកបានទទួលខ្ញុំដោយស្ងាត់ស្ងៀម ទាំងចៅលោកស្រលាញ់រាប់អានខ្ញុំដូចជាបងបង្កើតផង ខ្ញុំក៏មានអារម្មណ៏កក់ក្តៅបន្តិច ។ 

ស្នាក់នៅវត្តសារាវ័ននេះមិនបានប៉ុន្មានថ្ងៃផង ដំណឹងក៏លេចឮដល់ថ្នាក់លើ ចៅអធិការ គណកម្មការវត្តគ្រប់រូប គេក៏ចាប់ផ្តើមចាត់វិធានការផ្សេងៗដើម្បីជំរឹតទារលុយពីភិក្ខុសាមណេរទើបចូលមកស្នាក់នៅសិក្សារៀនសូត្រ ។

ព្រះទិន្នករចរយាត្រារៀបលិចអស្តងគទៅ ទឹកតែក៏ឆ្អិន ខ្ញុំឆុងរៀបប្រគេនលោកតាមេកុដិរបស់ខ្ញុំជាស្រេច។​ព្រះគុណចាស់ទុំ មានដូចជាលោកតាជា រី  លោក កៀត កែម លោកអាចារ្យ ម៉ម សាម៉េត លោកគ្រូមេកុដិខ្ញុំ ព្រះនាមភឿក កែម និមត្តឆាន់ពិសាតែដូចសព្វមួយដង ឆាន់បណ្តើរនិយាយធម៌អារ្យបណ្តើរ រំពេចនោះប្រធានគណកម្មការវត្តសារាវ័ន ឈ្មោះស ជឹមក៏មកដល់ គាត់ធ្វើមុខឡើងមាំ មាត់បិទមិនជិត ភ្នែកសម្លឹងមើលលើក្រោមមកខ្ញុំហើយនិយាយថា «លោកអស់នេះមកពីណា? ទើបនឹងមកមែនទេ ? បើចង់នៅរៀនសូត្រទីនេះ ឲ្យស៊ីម៉ង់ត៏២តោនមក បើមិនដូច្នេះទេ ចូលវស្សាទៅស្រុកវិញ ប្រយ័ត្នកូណាឲ្យបូលីសមកចាប់» ។

ខ្ញុំបានឮហើយក្នុងចិត្តក្តុកអួលណែនឪរ៉ា ហាស្តីមិនចេញ ពិបាកចិត្តម្នាក់ឯង មិនដឹងថ្លែងប្រាប់អ្នកអ្នក រកអ្នកណាឲ្យជួយរកលុយ២០០ដុល្លាមកពីណា បើខ្លួនខ្ញុំមិនដែលបានលុយ១០-២០ម៉ឺនចាយផង។ 
រាត្រីអន្ធកាលក៏ចូលមកដល់ មេការសំណងឈ្មោះម៉ឹលក៏ចូលមកជិតខ្ញុំហើយនិយាយថា «លោកចៅ កុំខ្វល់អី រកលុយមកតែឆ្កែនឹងស្រាឲ្យមិត្តភក្តិភនកូណាផឹកគឺបានហើយ គាត់ជាគណកម្មការមួយដែរតើ ។ 

ខ្ញុំនៅស្ងៀម មិនឆ្លើយមួយសន្ទុះក៏តបថា« មិនលុយទេតាអើយ មានលុយមកពីណាទិញសាច់ឆ្កែនិងស្រានោះ បើរកតែលុយរៀនមិនបានផង »។ ខ្ញុំនិយាយហើយក៏ដើរចេញទៅរកកន្លែងសឹងក្នុងខ្ទមតូចរបស់ខ្ញុំទៅ។

គិតដេកម្នាក់ឯង ចំណែងស្ទើរប្រេះធ្លាយដើមទ្រូង បើទ្រាំនៅបន្តទៀតមិនដឹងថាគេនឹងចាត់វិធានការខ្ញុំដោយរបៀបណា យកបូលីសមកអូសទាក់កខ្ញុំចេញពីខ្ទមមិនដឹង ។ 
យកដៃគងថ្ងាស់ខំប្រឹងសឹងឲ្យលក់ សង្ឃឹមថាថ្ងៃស្អែកថ្ងៃថ្មីនឹងមានរឿងថ្មីល្អៗកើតឡើងដល់ខ្ញុំមិនខ្ញុំ។ គិតដូច្នេះហើយក៏លក់វឹងភ្លឹងទៅ ក៏សុបិនឃើញអ្នកថែរក្សាកុដិ(ជម្នាងផ្ទះ)មកប្រាប់ កុំទៅវិញអី ចាំទៅជាមួយគ្នា ប្រាប់ហើយក៏រសាត់បាត់រូបពីមុខខ្ញុំទៅ ។

ភ្ញាក់ឡើង ចិត្តដែលហ្មងសៅក៏បានធូរស្បើយរសាយ ដោយសង្ឃឹមថានឹងមានកម្លាំងអរូបីម្យ៉ាងតាមថែរក្សាខ្ញុំពីក្រោយជានិច្ច ចាប់ពីពេលនោះមក ទោះគណកម្មការឈ្មោះជឹមនោះ មកស្តីជេរថាខ្ញុំដូចសត្វធាតុ មកតាមលូ តាមបង្គន់អ្វីក៏ដោយ ខ្ញុំខាំមាត់សង្កត់ចិត្ត រស់នៅក្នុងខ្ទម់កំសត់ ប្រឹងប្រែងរៀនសូត្រ ហើយទោះពេលខ្លះត្រូវភ្លៀងលិចទទឹកសើមជោកសៀមភៅ សម្ភារៈយ៉ាងក្តីចិត្តតស៊ូ ក្តីសង្ឃឹមដក់ក្នុងចិត្តសច្ចាថាត្រូវតែប្រឹងរៀនឲ្យបានចប់ដូចបំណង ។



អំពីការបង្កើតប្លុកនេះឡើង ដោយសារតែការអណ្តែតរសាយគ្មានកោះត្រើយរបស់ខ្ញុំ ពីកន្លែងមួយទៅកន្លែងមួយ ទទួលរឿងអយុត្តិធម៌ជាច្រើនដែលខ្ញុំមិនបានរៀបរាប់អស់ ក៏សម្រេចចិត្តបង្កើតប្លុកនេះឡើង បំណងចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម និងដើម្បីកុំឲ្យមានអ្នកជំនាន់ក្រោយវេទនាដូចរូបខ្ញុំទៀត ទទួលបានការសិទ្ធក្នុងការសិក្សាដោយស្មើភាពគ្នា មិនត្រូវបានគេមើលងាយក្នុងរូបភាពអ្នកស្រែជនបទ  និងទទួលសិទ្ធទទួលព័ត៍មាន៕ 









Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive