សាលាដំបូងរាជធានីភ្នំពេញ ទើបតែបានបង្គាប់ឲ្យរឹបអូសទ្រព្យសម្បត្តិរបស់ខ្ញុំ ជាសំណងឲ្យទៅលោក ហ៊ុន សែន និងលោក ហេង សំរិន ដែលជាមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។
ខ្ញុំមិនមានការភ្ញាក់ផ្អើលអ្វីទេ ចំពោះសេចក្តីសម្រេចបែបនេះរបស់តុលាការ ពីព្រោះនេះគ្រាន់តែជាផ្នែកមួយទៀតនៃសំណុំរឿងនយោបាយ ដែលគេបានកសាង ដើម្បីធ្វើទុក្ខបុកម្នេញរូបខ្ញុំ ដែលបានចេញមុខខ្លាំងជាងគេ ប្រឆាំងអំណាចផ្តាច់ការ និងពុករលួយសព្វថ្ងៃ ប្រមាណ ២៥ ឆ្នាំមកហើយ។
ខ្ញុំក៏មិនមានការតក់ស្លុតអ្វីឡើយក្នុងរឿងនេះ ពីព្រោះ ខ្ញំុមិនដែលមានចិត្តសម្ភារៈនិយម ហើយទ្រព្យសម្បត្តិ លុយកាក់ និងបុណ្យសក្តិ មិនមែនជាអ្វីដែលខ្ញុំស្វែងរកទេ ក្នុងការតស៊ូរបស់ខ្ញុំ រយៈពេល ២៥ ឆ្នាំកន្លងមកនេះ។
ពេលដែលខ្ញុំសម្រេច វិលត្រឡប់ពីប្រទេសបារាំង មករស់នៅប្រទេសកម្ពុជាវិញ នៅឆ្នាំ ១៩៩២ ខ្ញុំបានសម្រេចចិត្តរួចទៅហើយ តាំងពីពេលនោះមកថា ខ្ញុំមកតស៊ូដើម្បីស្រោចស្រង់មាតុភូមិរបស់ខ្ញុំ ដោយគ្មានបំណងចង់បានអ្វីពីប្រទេសកម្ពុជា សម្រាប់ខ្លួនខ្ញុំឡើយ។ តែអ្វីៗដែលខ្ញុំមានទាំងអស់ តាំងពីយូរយារមកហើយ គឺខ្ញុំរីករាយយកមកផ្តល់ជូនមាតុភូមិរបស់ខ្ញុំ។
កាលពីខ្ញុំធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ១៩៩៣-១៩៩៤ ខ្ញុំមិនបានទាមទារ ចង់បានអ្វី សម្រាប់ខ្លួនខ្ញុំ ឬគ្រួសារខ្ញុំឡើយ។ សូម្បីតែផ្ទះសម្បែង ដែលឪពុកម្តាយខ្ញុំបានកសាង នៅប្រទេសកម្ពុជា មុនឆ្នាំ ១៩៧៥ ក៏ខ្ញុំមិនដែលអើពើឡើយ។
ផ្ទះសម្បែងរបស់ខ្ញុំសព្វថ្ងៃ នៅទីក្រុងភ្នំពេញ ដែលជាទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិផងដែរ គឺបានមកពីញើសឈាមរបស់ខ្ញុំ និងញើសឈាមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (មុននោះទៀត គឺគណបក្សសម រង្ស៊ី)។ ខ្ញុំមិនដែលពាក់ព័ន្ធក្នុងអំពើពុករលួយ គឺទង្វើលួចជាតិ ប្លន់ជាតិ និងបំផ្លាញជាតិ ឬក៏ទង្វើធ្វើបាប ជំរិត ឬកេងប្រវ័ញ្ចប្រជារាស្ត្រ ដងណាឡើយ។
ដូច្នេះ ខ្ញុំមិនខ្វល់ពីតុលាការអាយ៉ង របស់លោក ហ៊ុន សែន និងគណបក្សគាត់ រឹបអូសទ្រព្យសម្បត្តិខ្ញុំទេ ពីព្រោះទង្វើបែបនេះ វាមិនប៉ះពាល់ដល់ជីវភាពរស់នៅ និងកម្លាំងចិត្តតស៊ូរបស់ខ្ញុំឡើយ។ តែខ្ញុំខ្វល់ខ្វាយក្នុងចិត្តក្រៃលែង អំពីទង្វើរបស់អ្នកមានអំណាច និងអ្នកមានលុយពុករលួយយ៉ាងសន្ធឹកសន្ធាប់ ដែលឃុបឃិតជាមួយតុលាការអាយ៉ងរបស់លោក ហ៊ុន សែន ដើម្បីរឹបអូសទ្រព្យសម្បត្តិ ដីធ្លី និងផ្ទះសម្បែង របស់ប្រជារាស្ត្រតូចតាច ប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រស្លូតត្រង់ ដែលរងគ្រោះដោយអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ពីសំណាក់រដ្ឋអំណាចសព្វថ្ងៃ។ ប្រទេសកម្ពុជាសព្វថ្ងៃ ពោរពេញដោយអំពើអយុត្តិធម៌ ដែលធ្វើឲ្យ
ជនរងគ្រោះរាប់លាននាក់ ជួបការលំបាកវេទនាក្រៃលែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ខ្ញុំនឹងខិតខំតស៊ូកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីបញ្ចប់អំណាចផ្តាច់ការដ៏ព្រៃផ្សៃសព្វថ្ងៃ ក្នុងគោលបំណងផ្តល់សេរីភាព និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរទាំងមូល៕